ខ្ញុំបានប្រទះឃើញសៀវភៅកំណាព្យ បុប្ផាខ្មៅ នៅបណ្ណាគារអង្គរដោយ ចៃដន្យ។ ខ្ញុំជឿថាប្រាកដ ជាមានអ្នកស្គាល់សៀវភៅនេះ ព្រោះវាជាសៀវភៅចាស់មួយដែលបានបង្ហាញមុខតាំងពីសម័យ សង្គមរាស្រ្តនិយមមកម្លេះ។

បុប្ផាខ្មៅត្រូវបានបោះពុម្ភជាលើកទីមួយនៅខែវិច្ឆកា ឆ្នាំ១៩៧០ វាជាកំរងអត្ថបទកំណាព្យចំនួន២៦ ដែលសុទ្ឋសឹងតែជាស្នាដៃរបស់លោក គយ សារុន (ខ្ញុំប្រើពាក្យលោក ព្រោះខ្ញុំពុំស្គាល់អំពីឋានៈពិត របស់លោក)។

នៅពេលនេះ ខ្ញុំសូមលើកយកអត្ថបទកំណាព្យមួយដែលខ្ញុំពេញចិត្តជាងគេ មកចែកជូនអ្នកទាំងអស់ គ្នាអានកំសាន្ត និងវាយតំលៃទៅតាមការយល់ឃើញរបស់អ្នក៕

វិលវិញឬអូន?


តូចធំ ធំតូច ស្តួចរីកសាយ   ចង្អៀតទូលាយ រួចចង្អៀត
វែងខ្លី ខ្លីវែង រួចខ្លីទៀត   រួចបង្ហាញងៀតអោយច្បាស់ការ ។


ពីដើមមនុស្សស្រាតរួចចេះប៉ឹង   រួចប្រឹងដេរស្លៀកបិទកាយា
ស្លៀកពាក់ជុំជិតរឹតអាត្មា   យល់ថាបែបហ្នឹងទើបហៅថាល្អ ។


ឥឡូវយល់ថាវែងលែងសម   តាំងខំវៀលវះបញ្ចេញក
បង្ខើចដល់ភ្លៅនៅបន្ត   ចំហថែមទៀតជូនកំសាន្ត ។


យូរទៅប្រហែលជាគេប៉ឹង   ឬស្រាតទេដឹង?មិនហ៊ានស្មាន!
យ៉ាងណាក៏ដោយអោយតែបាន   តាមដានសម័យថ្មីអោយទាន់៕